ទិវាលើកទឹកចិត្ត
ក្រុមអ្នកឆ្លើយតបបន្ទាន់ បានបង្ហាញចេញនូវការប្តូរផ្តាច់ និងសេចក្តីក្លាហាន ជារៀងរាល់ថ្ងៃ ដោយមានវត្តមាននៅកន្លែងដែលមានគ្រោះមហន្តរាយកើតឡើង។ កាលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បានទទួលរងការវាយប្រហារ នៅឆ្នំា២០០១ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ឬរបួស ក្រុមអ្នកសង្រ្គោះបន្ទាន់រាប់រយនាក់ ក៏បានបាត់បង់ជីវិតផងដែរ។ ដើម្បីផ្តល់ការគោរពដល់ក្រុមអ្នកឆ្លើយតបបន្ទាន់ ព្រឹទ្ធសភាអាមេរិកក៏បានកំណត់យកថ្ងៃទី១២ ខែកញ្ញា ជាទិវាលើកទឹកចិត្ត ដែលស្ថិតក្នុងចំណោមថ្ងៃបុណ្យជាតិសំខាន់ៗ។
ការជ្រើសរើសយកថ្ងៃនោះ ជាទិវាលើកទឹកចិត្ត ហាក់ដូចជារឿងដែលពិសេស ប៉ុន្តែ សាវ័កប៉ុលក៏បានចាត់ទុកការលើកទឹកចិត្ត ជាធាតុផ្សំដ៏ចាំបាច់មួយ សម្រាប់ការលូតលាស់នៃពួកជំនុំផងដែរ។ គាត់បានបង្រៀនពួកជំនុំក្មេងខ្ចី នៅក្រុងថែស្សាឡូនិច(ជាទីក្រុងមួយ នៅខេត្តម៉ាសេដូន) ឲ្យ “ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ និងអត់ឱនចំពោះមនុស្សទាំងអស់”(១ថែស្សាឡូនិច ៥:១៤)។ ទោះបីជាពួកអ្នកជឿទាំងនេះកំពុងតែជួបការបៀតបៀនក៏ដោយ ក៏សាវ័កប៉ុលបានលើកទឹកចិត្តពួកគេ ឲ្យ “ដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ”(ខ.១៥)។ គាត់ដឹងថា ក្នុងនាមជាមនុស្ស ពួកគេងាយនឹងមានភាពអស់សង្ឃឹម អាត្មានិយម និងការប៉ះទង្គិចគ្នា។ ប៉ុន្តែ គាត់ក៏ដឹងផងដែរថា ពួកគេមិនអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយគ្មានជំនួយ និងកម្លាំងមកពីព្រះបានឡើយ។
សម័យនេះមិនខុសពីសម័យមុនទេ។ យើងរាល់គ្នាសុទ្ធតែត្រូវការការលើកទឹកចិត្ត ហើយយើងចាំបាច់ត្រូវលើកទឹកចិត្តមនុស្ស ដែលនៅក្បែរយើងផងដែរ។ តែយើងមិនអាចធ្វើការនេះ ដោយពឹងអាងកម្លាំងខ្លួនឯងបានឡើយ។ ហេតុនេះហើយ សាវ័កប៉ុលបានលើកទឹកចិត្តថា “ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ”(ខ.២៤)។ ដោយជំនួយមកពីព្រះអង្គ…
ភ្លើងឆេះ នៅវាលរហោស្ថាន
កាលលោកជីម វ៉ាយ(Jim White) កំពុងតែធ្វើដំណើរ នៅក្នុងវាលរហោស្ថាន ជីហួហួន នៅចុងទសវត្សរ៍ឆ្នាំ ១៨០០ គាត់បានឃើញផ្សែងកំពុងតែហុយឡើងទៅលើមេឃដូចពពក មើលទៅដូចជាចម្លែកណាស់។ គាត់សង្ស័យថា ភ្លើងឆេះព្រៃប្រហែលជាកំពុងតែកើតមាននៅកន្លែងណាមួយហើយ។ អ្នកឃ្វាលគោវ័យក្មេងនេះ ក៏បានជិះសេះសំដៅទៅរកប្រភពផ្សែងនោះ ហើយក៏បានដឹងថា តាមពិតវាមិនមែនជាផ្សែងទេ តែវាជាសត្វប្រជៀវមួយហ្វូងធំ ដែលកំពុងតែហើរចេញពីរូងក្រោមដីមួយ។ រូងក្រោមដីដែលលោកវ៉ាយបានឃើញនោះ គឺជារូងខាលប៊ែត នៅរដ្ឋញូមិចស៊ីកូ ដែលជាប្រព័ន្ធរូងក្រោមដីដ៏ធំសម្បើម និងស្រស់ស្អាតគួរឲ្យចូលទស្សនា។
កាលលោកម៉ូសេកំពុងថែរក្សាចៀម នៅវាលរហោស្ថាន នៅតំបន់មជ្ឈិមបូព៌ា គាត់ក៏បានមើលឃើញរឿងចម្លែកកំពុងកើតឡើង ធ្វើឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ វាគឺជាគុម្ពបន្លាដែលឆេះមិនចេះសុស(និក្ខមនំ ៣:២)។ ពេលដែលព្រះអម្ចាស់មានបន្ទូលចេញពីគុម្ពបន្លានោះមក លោកម៉ូសេក៏បានដឹងថា គាត់បានជួបរឿងដែលធំជាងអ្វី ដែលគាត់បានមើលឃើញពីដំបូង។ ព្រះអម្ចាស់ក៏បានប្រាប់លោកម៉ូសេថា “អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប”(ខ.៦)។ កាលនោះ ព្រះជាម្ចាស់ហៀបនឹងដឹកនាំប្រជាជាតិមួយដែលកំពុងជាប់ជាទាសករ ឆ្ពោះទៅរកសេរីភាព ហើយក៏បានបង្ហាញឲ្យពួកគេដឹងថា ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលជាអត្តសញ្ញាណដ៏ពិតរបស់ពួកគេ(ខ.១០)។
កាលពីជាង៦០០ឆ្នាំមុននោះ ព្រះជាម្ចាស់បានសន្យា ចំពោះលោកអ័ប្រាហាំថា “គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង”(លោកុប្បត្តិ ១២:៣)។ ការភាសខ្លួនរបស់ប្រជាជនអ៊ីស្រាអែល ចេញពីទឹកដីអេសីព្ទ គឺជាជំហានដំបូងឆ្ពោះទៅរកព្រះពរនោះ ដែលជាផែនការរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ តាមរយៈព្រះមែស៊ី ដែលជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។
សព្វថ្ងៃនេះ យើងអាចអរសប្បាយនឹងព្រះពរនេះ ដ្បិតព្រះទ្រង់ប្រទានការសង្រ្គោះនេះ…
តើព្រះអង្គទតឃើញអ្វី នៅក្នុងខ្ញុំ?
កាលពីក្មេង អ្នកស្រីអ៊ែរៀន អាបបេឡា(Arianne Abela) ដែលជាអ្នកដឹកនាំក្រុមចម្រៀង បានអង្គុយពីលើប្រអប់ដៃរបស់គាត់ ដើម្បីលាក់កុំឲ្យគេឃើញ។ គាត់មានម្រាមដៃជាប់គ្នាពីកំណើត នៅលើដៃទាំងសងខាង ហើយគាត់មិនមានជើងខាងឆ្វេងទេ។ ជើងខាងស្តាំរបស់គាត់ក៏មិនមានម្រាមគ្រប់ដែរ។ ក្នុងនាមជាអ្នកស្រឡាញ់តន្រ្តី និងជាអ្នកចម្រៀងសម្លេងតូច គាត់មានគម្រោងចូលរៀនជំនាញរដ្ឋបាលសាធារណៈ នៅមហាវិទ្យាល័យស្ម៊ីត។ ប៉ុន្តែ ថ្ងៃមួយ គ្រូបង្រៀនក្រុមចម្រៀងរបស់គាត់ បានឲ្យគាត់ដឹកនាំក្រុមចម្រៀង ដូចនេះ គេក៏បានឃើញដៃរបស់គាត់យ៉ាងងាយ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានរកឃើញអាជីពរបស់គាត់ នៅក្នុងវិស័យតន្រ្តី ដោយទៅដឹកនាំក្រុមចម្រៀង និងធ្វើការជាអ្នកដឹកនាំក្រុមចម្រៀង នៅសកលវិទ្យាល័យមួយទៀត។ អ្នកស្រីអ័បេឡាក៏បានពន្យល់ថា “គ្រូបង្រៀនរបស់ខ្ញុំ បានមើលឃើញអ្វីមួយ នៅក្នុងខ្ញុំ។
រឿងរបស់គាត់បានលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យសួរខ្លួនឯងថា តើព្រះ ដែលជាគ្រូបង្រៀនដ៏បរិសុទ្ធរបស់យើង បានទតឃើញអ្វី នៅក្នុងយើង ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ? ជាការពិតណាស់ ព្រះអង្គទតឃើញអង្គទ្រង់ នៅក្នុងយើងម្នាក់ៗ លើសពីអ្វីៗទាំងអស់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។
ក្នុងនាមយើងជាអ្នកដែលព្រះបានបង្កើតឲ្យ “ចំនឹងរូបអង្គទ្រង់” យើងគួរតែឲ្យអ្នកដទៃមើលឃើញព្រះអង្គ នៅក្នុងយើងផងដែរ។ សម្រាប់អ្នកស្រីអ័បេឡា នាងគិតថា គេបានមើលឃើញព្រះយេស៊ូវ ជាសំខាន់បំផុត នៅក្នុងនាង គឺមិនមែនមើលឃើញដៃ ដែលមានម្រាមមិនគ្រប់នោះទេ។ អ្នកជឿទាំងអស់ក៏ត្រូវមានលក្ខណៈដូចនេះផងដែរ។ គឺដូចបទគម្ពីរ…
បានកត់ទុកក្នុងដួងចិត្តយើង
ពេលដែលលោកយ៉ូហាននេស ហ្គូធិនបឺក(Johannes Gutenberg) បានធ្វើការរួមផ្សំគ្នា រវាងគ្រាប់ពុម្ភអក្សរ និងឧបករណ៍សង្កត់ពុម្ភ នៅឆ្នាំ១៤៥០ គាត់ក៏បាននាំសង្គមលោកខាងលិច ចូលទៅក្នុងយុគសម័យនៃការទំនាក់ទំនងសាធារណៈទ្រង់ទ្រាយធំ ដោយផ្សព្វផ្សាយនូវការរៀនសូត្រ ចូលទៅក្នុងពិភពនៃសង្គមថ្មី។ ការចេះអាន និងចេះសសេរក៏មានការរីកលូតលាស់ទូទាំងពិភពលោក ហើយគំនិតថ្មីៗបាននាំឲ្យមានការផ្លាស់ប្តូរដ៏ឆាប់រហ័ស នៅក្នុងបរិបទនៃសង្គម និងសាសនា។ លោកហ្គូធិនបឺក ក៏បានក្លាយជាមនុស្សដំបូងគេ ដែលធ្វើការបោះពុម្ភព្រះគម្ពីរប៊ីប។ កាលពីមុន គេត្រូវចម្លងព្រះគម្ពីរប៊ីបយ៉ាងហត់នឿយយ៉ាងខ្លាំង ដោយដៃផ្ទាល់ ដោយចំណាយពេលជិត១ឆ្នាំ ទំរាំតែចម្លងបានព្រះគម្ពីរមួយក្បាល។
ជាច្រើនសតវត្សរ៍ក្រោយមក ម៉ាស៊ីនបោះពុម្ភបានផ្តល់ឲ្យយើង នូវឯកសិទ្ធិ នៅក្នុងការមើលព្រះគម្ពីរប៊ីប ផ្ទាល់ៗខ្លួន។ សព្វថ្ងៃនេះ យើងអាចមានព្រះគម្ពីរប្រភេទអេឡិចត្រូនិចមើល នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់យើង ខណៈពេលដែលមនុស្សជាច្រើននៅតែបន្តកាន់ព្រះគម្ពីរប៊ីបក្រដាស់នៅក្នុងដៃ ដោយសារតែការច្នៃបង្កើតរបស់គាត់។ យើងអាចបើកព្រះគម្ពីរប៊ីបមើលជារៀងរាល់ថ្ងៃ គឺខុសពីសម័យមុន ដែលមនុស្សពិបាករកព្រះគម្ពីរអាន ដោយសារការចម្លងព្រះគម្ពីរត្រូវចំណាយពេលវេលា និងថវិការដ៏ច្រើនសណ្ឋឹក។
ការមានឱកាសទទួលសេចក្តីពិតរបស់ព្រះជាម្ចាស់ នៅក្នុងព្រះគម្ពីរ គឺជាឯកសិទ្ធិដ៏អស្ចារ្យ។ អ្នកនិពន្ធកណ្ឌគម្ពីរសុភាសិតបានរៀបរាប់ថា ការបង្រៀនរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ គឺជាអ្វីដែលយើងត្រូវឱបក្រសោបយក “ដូចប្រស្រីភ្នែករបស់យើង”(សុភាសិត ៧:២) ហើយយើងត្រូវកត់ព្រះបន្ទូលនៃប្រាជ្ញារបស់ព្រះអង្គ នៅក្នុងដួងចិត្តយើង(ខ.៣)។ ខណៈពេលដែលយើងព្យាយាមសិក្សាព្រះគម្ពីរ ហើយរស់នៅ តាមប្រាជ្ញារបស់ព្រះគម្ពីរ នោះមានន័យថា យើងកំពុងតែកត់សេចក្តីពិតរបស់ព្រះ នៅក្នុងចិត្តយើង សម្រាប់ឲ្យយើងបើកមើលនៅគ្រប់ទីកន្លែង។—Kirsten Holmberg
ស្រឡាញ់អ្នកដទៃ តាមរយៈការអធិស្ឋាន
“តើមានគេអធិស្ឋានឲ្យបងទេ?” នេះជាសំណួរមួយ ក្នុងចំណោមសំណួរដំបូងគេ ដែលបេសកជនម្នាក់បានចោទសួរភរិយាគាត់ ពេលណាគេអនុញ្ញាតឲ្យនាង ចូលសួរសុខទុក្ខគាត់ ក្នុងគុក។ គេបានចោទបង្ខូចគាត់ ហើយក៏បានចាប់គាត់ដាក់គុក អស់ពីរឆ្នាំ ដោយសារជំនឿរបស់គាត់។ ជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់ ជាញឹកញាប់ ដោយសារតែស្ថានភាពដ៏អាក្រក់ និងការបៀតបៀន នៅក្នុងគុក ហើយអ្នកជឿព្រះ នៅទូទាំងពិភពលោក បាននាំគ្នាអធិស្ឋានឲ្យគាត់ អស់ពីចិត្ត។ គាត់ចង់ឲ្យពួកគេ នៅតែបន្តអធិស្ឋានឲ្យគាត់ ព្រោះគាត់ជឿថា ព្រះជាម្ចាស់កំពុងតែប្រើការអធិស្ឋានរបស់ពួកគេ តាមរបៀបដ៏មានអំណាចចេស្តា។
ការអធិស្ឋានឲ្យអ្នកដទៃ ជាពិសេស អ្នកដែលកំពុងទទួលរងការបៀតបៀនដោយសារជំនឿ គឺជាអំណោយដ៏សំខាន់ សម្រាប់ពួកគេ។ សាវ័កប៉ុលបានមានប្រសាសន៍យ៉ាងច្បាស់ អំពីរឿងនេះ ពេលដែលគាត់សរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅទីក្រុងកូរិនថូស អំពីទុក្ខលំបាក ដែលគាត់បានជួបប្រទះ ក្នុងអំឡុងពេលដែលគាត់កំពុងធ្វើដំណើរបេសកកម្ម។ កាលនោះ គាត់កំពុងតែស្ថិតនៅក្រោមសម្ពាធធ្ងន់ណាស់ បានជាគាត់មិនសង្ឃឹមថា នឹងនៅមានជីវិតរស់ឡើយ(២កូរិនថូស ១:៨)។ ប៉ុន្តែ បន្ទាប់មក គាត់បានប្រាប់ពួកគេថា ព្រះទ្រង់បានរំដោះគាត់ឲ្យរួចពីទុក្ខលំបាកនោះ ហើយគាត់បានរៀបរាប់ថា “យើងខ្ញុំសង្ឃឹមថា ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង”(ខ.១០-១១)។ ដូចនេះ ព្រះទ្រង់បានការអធិស្ឋាន ជាឧបករណ៍ ដើម្បីរំដោះយើងរាល់គ្នាឲ្យរួចពីទុក្ខលំបាក។
ព្រះជាម្ចាស់ធ្វើការ តាមរយៈការអធិស្ឋានរបស់យើង ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ ក្នុងជីវិតរបស់រាស្រ្តព្រះអង្គ។ វិធីមួយ ក្នុងចំណោមវិធីល្អបំផុត…
តើត្រូវធ្វើអ្វីខ្លះ ក្នុងពេលបច្ចុប្បន្ន?
កាលពីពេលថ្មីៗនេះ ខ្ញុំបានចូលរួមកម្មវិធីចែកសញ្ញាប័ត្រវិទ្យាល័យ ដែលក្នុងនោះ វាគ្មិនប្រាប់យុវជនវ័យក្មេងដែលកំពុងរង់ចាំទទួលសញ្ញាប័ត្រ ឲ្យគិតអំពីបញ្ហាប្រឈមមួយ។ គាត់លើកឡើងថា ពេលនេះជាពេលមួយ ក្នុងជីវិតរបស់ពួកគេ ដែលគេរាល់គ្នានឹងសួរពួកគេថា “តើពួកគេនឹងធ្វើអ្វីទៀត?” តើពួកគេចង់ធ្វើការងារអ្វីនៅពេលខាងមុខ? តើពួកគេនឹងទៅរៀននៅសាលាណា ឬទៅធ្វើការនៅកន្លែងណា? បន្ទាប់មក គាត់ក៏បាននិយាយថា សំណួរដែលសំខាន់ជាងនេះទៀតនោះគឺ តើពួកគេកំពុងតែធ្វើអ្វីខ្លះ នៅពេលបច្ចុប្បន្ន?
នៅក្នុងបរិបទនៃការធ្វើដំណើរខាងសេចក្តីជំនឿរបស់ពួកគេ តើពួកគេនឹងសម្រេចចិត្តធ្វើអ្វីខ្លះ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យពួកគេអាចរស់នៅថ្វាយព្រះយេស៊ូវ ជាជាងរស់នៅសម្រាប់ខ្លួនឯង?
ពាក្យសម្តីរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ដែលបានប្រាប់យើង ពីរបៀបរស់នៅ ក្នុងពេលបច្ចុប្បន្នឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ បទគម្ពីរសុភាសិតបានបង្រៀនយើងឲ្យរស់នៅ ក្នុងពេលបច្ចុប្បន្ន ដោយចិត្តស្មោះត្រង់ (១១:១) ជ្រើសរើសមិត្តភក្តិ ឲ្យបានត្រឹមត្រូវ(១២:២៦) រស់នៅ ដោយទៀតត្រង់ (១៣:៦) មានការវិនិច្ឆ័យដ៏ល្អ (១៣:១៥) និយាយស្តីប្រកបដោយប្រាជ្ញា(១៤:៣)។
ចូរយើងរស់នៅថ្វាយព្រះ ក្នុងពេលបច្ចុប្បន្ន តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះការនេះនឹងជួយឲ្យយើងមានភាពងាយស្រួល នៅក្នុងការសម្រេចចិត្តធ្វើអ្វីៗ ក្នុងពេលអនាគត។ ដ្បិតព្រះទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ …ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់” (២:៦-៨)។ សូមព្រះទ្រង់ប្រទានអ្វី ដែលយើងត្រូវការ សម្រាប់រស់នៅ តាមការដឹកនាំរបស់ព្រះអង្គ ក្នុងពេលបច្ចុប្បន្ន ហើយសូមព្រះអង្គដឹកនាំយើង ចូលទៅក្នុងកិច្ចការបន្ទាប់…
មិនពឹងអាងសមត្ថភាពខ្លួនឯង
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានរៀបចំការអធិប្បាយព្រះបន្ទូល មុនពេលថ្ងៃអាទិត្យចូលមកដល់ តែនៅពេលព្រឹកថ្ងៃអាទិត្យខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាសត្វដង្កូវដ៏តូចទៀប។ ក្នុងអំឡុងពេលសប្តាហ៍មុននោះ ខ្ញុំមិនបានធ្វើជាស្វាមី ឪពុក ឬមិត្តភក្តិដែលល្អបំផុតទេ។ ខ្ញុំគិតថា មុនពេលព្រះទ្រង់អាចប្រើខ្ញុំម្តងទៀត ខ្ញុំត្រូវតែរស់នៅឲ្យបានត្រឹមត្រូវ។ ដូចនេះ ខ្ញុំក៏បានប្តេជ្ញាចិត្តថា ខ្ញុំនឹងអធិប្បាយព្រះបន្ទូលឲ្យបានល្អ ហើយព្យាយាមរស់នៅ ក្នុងសប្តាហ៍ក្រោយ ឲ្យបានល្អជាងមុន។
តែនេះមិនមែនជាដំណោះស្រាយដ៏ល្អឡើយ។ បទគម្ពីរកាឡាទីជំពូក៣ បានចែងថា ព្រះជាម្ចាស់បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើការ ដោយអំណាចចេស្តា តាមរយៈយើង។ ជំនួយនេះ ជាអំណោយដែលព្រះអង្គប្រទានយើង គឺមិនមែនដោយសារយើងបានធ្វើអ្វីមួយ ដើម្បីឲ្យសក្តិសមនឹងទទួលជំនួយនេះឡើយ។
គឺដូចដែលលោកអ័ប្រាហាំបានធ្វើជាគំរូស្រាប់។ នៅសម័យនោះ គាត់បរាជ័យនៅក្នុងតួនាទីជាស្វាមី។ ឧទាហរណ៍ គាត់បានធ្វើឲ្យជីវិតរបស់នាងសារ៉ាស្ថិតក្នុងគ្រោះថ្នាក់ពីរដង ពេលដែលគាត់និយាយកុហក ដើម្បីជួយខ្លួនឯង(លោកុប្បត្តិ ១២:១០-២០ ២០:១-១៨)។ ប៉ុន្តែ ដោយសារសេចក្តីជំនឿ នោះព្រះទ្រង់បានរាប់គាត់ជាសុចរិត(លោកុប្បត្តិ ៣:៦)។ លោកអ័ប្រាហាំបានថ្វាយជីវិតគាត់ ក្នុងព្រះហស្តព្រះ ទោះគាត់ធ្លាប់ធ្វើខុសយ៉ាងណាក៏ដោយ ហើយព្រះទ្រង់ក៏បានប្រើគាត់ ដើម្បីនាំសេចក្តីសង្រ្គោះ ដល់ពិភពលោក តាមរយៈកូនចៅជំនាន់ក្រោយរបស់គាត់។
ព្រះយេស៊ូវបានត្រាស់ហៅយើងឲ្យដើរតាមព្រះអង្គ ដោយការស្តាប់បង្គាប់ ហើយបានប្រទានយើងនូវលទ្ធភាព ដើម្បីស្តាប់បង្គាប់ព្រះអង្គ។ ចិត្តដែលរឹងរូស មិនព្រមកែប្រែ តែងតែរារាំងមិនឲ្យសម្រេចបំណងព្រះទ័យ ដែលព្រះអង្គមានសម្រាប់យើង ប៉ុន្តែ…
ព្រះទ្រង់ជ្រាប
បន្ទាប់ពីក្រុមគ្រួសាររបស់អ្នកស្រីម៉ាប៊ែល(Mabel) ទើបតែផ្លាស់មករស់នៅកន្លែងថ្មី រ៉ាយអិន(Ryan) ដែលជាកូនប្រុសរបស់គាត់ អាយុ៧ឆ្នំា មានការទើសទាល់យ៉ាងខ្លាំង ខណៈពេលដែលគាត់រៀបចំខ្លួន ដើម្បីចូលរួម នៅក្នុងកម្មវិធីបោះជំរុំរដូវក្តៅ នៅសាលារៀនថ្មីរបស់គាត់។ អ្នកស្រីម៉ាបែលក៏បានលើកទឹកចិត្តគាត់ ដោយនិយាយបញ្ជាក់ថា គាត់យល់ អំពីការលំបាក ដែលបណ្តាលមកពីក្នុងការផ្លាស់ប្តូរទីលំនៅនេះ។ ប៉ុន្តែ នៅពេលព្រឹកមួយនោះ រ៉ាយអិនហាក់ដូចជាមានភាពម៉ូមៅជ្រុល ខុសពីធម្មតា ដែលនេះមិនមែនជាចរិយាសម្បត្តិរបស់គាត់ទេ។
អ្នកស្រីម៉ាប៊ែល ក៏បានសួរគាត់ ដោយចិត្តអាណឹតថា “តើកូនមានរឿងអី?”
រ៉ាយអិនក៏បានសម្លឹងមើល តាមម៉ាត់បង្អួច ហើយនិយាយទំាងញាក់ស្មាថា “កូនមិនដឹងដែរ ម៉ាក់។ កូនមានអារម្មណ៍លាយឡំច្រើនណាស់”។
អ្នកស្រីម៉ាប៊ែល មានការឈឺចាប់ក្នុងចិត្ត ពេលដែលគាត់កម្សាន្តចិត្តកូនប្រុសរបស់គាត់។ គាត់បានព្យាយាមរិះរកវិធីជួយកូនប្រុសគាត់។ គាត់ប្រាប់រ៉ាយអិនថា ការផ្លាស់ប្តូរទីលំនៅនេះ ក៏នាំឲ្យគាត់មានការពិបាកផងដែរ។ គាត់ក៏បានលើកទឹកចិត្តរ៉ាយអិនថា ព្រះជាម្ចាស់នឹងនៅតែគង់នៅក្បែរជានិច្ច ហើយព្រះអង្គជ្រាបអំពីរឿងគ្រប់យ៉ាង សូម្បីតែនៅពេលដែលពួកគេមិនអាចយល់ ឬមិនអាចរៀបរាប់អំពីភាពនឿយណាយរបស់ពួកគេក៏ដោយ។ គាត់ក៏បានបបួលកូនប្រុសគាត់ ឲ្យទៅលេងមិត្តភក្តិ មុនពេលសាលារៀនចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ពួកគេក៏បានរៀបគម្រោង ហើយអរព្រះគុណព្រះជាម្ចាស់ ដែលបានជ្រាបថា កូនរបស់ទ្រង់មានការពិបាកក្នុងអារម្មណ៍។
អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១៤៧ ធ្លាប់មានអារម្មណ៍ដែលពិបាកខ្លាំង ក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់គាត់ ហើយក៏បានទទួលស្គាល់អត្ថប្រយោជន៍នៃការសរសើរដំកើង ព្រះជាម្ចាស់ដែលជ្រាបគ្រប់ការទំាងអស់ និងជាអ្នកទ្រទ្រង់អ្វីៗគ្រប់យ៉ាង ហើយជាអ្នកព្យាបាលរបួសផ្លូវកាយ និងផ្លូវអារម្មណ៍(ខ.១-៦)។ គាត់ក៏បានសរសើរដំកើងព្រះ…
ឱកាសថ្លែងប្រាប់ អំពីព្រះអង្គ
មានពេលមួយ អ្នកស្រីប្រ៊ីតានី(Brittany) បានស្រែកប្រាប់មិត្តរួមការងាររបស់គាត់ នៅភោជនីដ្ឋានមួយថា “គាត់ហ្នឹងហើយ! គាត់ហ្នឹងហើយ!” ពេលនោះ នាងកំពុងតែនិយាយសំដៅទៅលើលោកមែលវីន(Melvin) ដែលគាត់ធ្លាប់បានជួប កាលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ កាលនោះ លោកមែលវីនកំពុងតែកាត់ស្មៅ នៅក្នុងទីធ្លាព្រះវិហារគាត់ ហើយព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តគាត់ ឲ្យចាប់ផ្តើមការសន្ទនាជាមួយស្រ្តីម្នាក់ ដែលជាស្រ្តីរកស៊ីផ្លូវភេទ។ ពេលគាត់អញ្ជើញនាង ឲ្យទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហាររបស់គាត់ នាងក៏បានឆ្លើយតបថា “តើអ្នកដឹងថា ខ្ញុំមានមុខរបរអី្វទេ? ពួកគេមិនចង់ឲ្យខ្ញុំចូលរួមជាមួយពួកគេទេ”។ ខណៈពេលដែលលោកមែលវីននិយាយប្រាប់នាង អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ហើយបានធានាដល់នាងថា ព្រះអង្គមានអំណាចកែប្រែជីវិតនាង ទឹកភ្នែករបស់នាងក៏បានស្រក់ចុះមក។ សព្វថ្ងៃនេះ គឺប៉ុន្មានសប្តាហ៍ក្រោយមក ព្រីតានីកំពុងតែធ្វើការនៅកន្លែងល្អជាងមុន ជាភស្តុតាងបញ្ជាក់ថា ព្រះយេស៊ូវពិតជាមានអំណាចកែប្រែជីវិតមនុស្សគ្រប់គ្នា។
កាលសាវ័កប៉ុលលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យមានចិត្តប្តូរផ្តាច់នៅក្នុងការអធិស្ឋាន គាត់ក៏បានធ្វើការស្នើរសុំ ដែលមានពីរផ្នែកថា “(សូម)អធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង។ ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី”(កូល៉ុស ៤:៣-៤)។
តើអ្នកធ្លាប់អធិស្ឋានសូមព្រះទ្រង់ប្រទានឱកាស ឲ្យអ្នកនិយាយប្រាប់គេ ពីព្រះយេស៊ូវ ដោយចិត្តក្លាហាន និងភាពច្បាស់លាស់ឬទេ? នេះជាសេចក្តីអធិស្ឋានដ៏ល្អ។ ការអធិស្ឋានដូចនេះ បាននាំឲ្យអ្នកដើរតាមព្រះអង្គ និងលោកមែលវិន មានឱកាសនិយាយអំពីព្រះអង្គ ទៅកាន់មនុស្ស នៅកន្លែងដែលពួកគេមិនបាននឹកស្មានដល់។ ការនិយាយប្រាប់គេ អំពីព្រះយេស៊ូវអាចធ្វើឲ្យយើងមានអារម្មណ៍ថា ពិបាក តែអាចនាំឲ្យគេមានជីវិតផ្លាស់ប្រែ…
ការភ័យខ្លាច ដែលមិនសមហេតុផល
នៅពេលដែលឪពុកម្តាយខ្ញុំលាចាកលោក បានបីខែ ខ្ញុំមានអារម្មណ៍ខ្លាចពួកគាត់ភ្លេចខ្ញុំ។ នេះជាអារម្មណ៍ភ័យខ្លាច ដែលមិនសមហេតុផលសោះ។ ជាការពិតណាស់ ពួកគេមិនរស់នៅលើផែនដីទៀតទេ ប៉ុន្តែ ពួកគេបានបន្សល់ទុកភាពមិនច្បាស់លាស់ដ៏ធំមួយ សម្រាប់ខ្ញុំ។ កាលនោះ ខ្ញុំនៅក្មេង មិនទាន់រៀបការ ហើយឆ្ងល់ថា តើខ្ញុំនឹងរស់នៅ ដោយគ្មានពួកគាត់ ដោយរបៀបណា?
ខ្ញុំមានអារម្មណ៍ឯកោណាស់ ដូចនេះ ខ្ញុំក៏បានស្វែងរកព្រះជាម្ចាស់។
នៅពេលព្រឹកមួយនោះ ខ្ញុំក៏បានទូលថ្វាយព្រះអង្គ អំពីការភ័យខ្លាចដែលមិនសមហេតុផលរបស់ខ្ញុំ និងទុក្ខព្រួយដែលបណ្តាលមកពីការភ័យខ្លាចនេះ(ទោះព្រះអង្គបានជ្រាបហើយក៏ដោយ)។ ខគម្ពីរដែលខ្ញុំបានអានចំ នៅក្នុងការចំណាយពេលស្ងៀមស្ងាត់ជាមួយព្រះអង្គ នៅថ្ងៃនោះ គឺបទគម្ពីរ អេសាយ ជំពូក ៤៩ ដែលបានចែងថា “ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ”(ខ.១៥)។ ព្រះជាម្ចាស់បានធានា ចំពោះរាស្រ្តព្រះអង្គជាថ្មីម្តងទៀត តាមរយៈហោរាអេសាយថា ព្រះអង្គមិនបានភ្លេចពួកគេឡើយ ហើយក្រោយមក ព្រះអង្គក៏បានសន្យាថា នឹងផ្សៈផ្សាឲ្យពួកគេជានឹងព្រះអង្គវិញ តាមរយៈព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាព្រះអង្គ។ ប៉ុន្តែ ព្រះបន្ទូលនេះក៏បានប៉ះពាល់ចិត្តខ្ញុំផងដែរ។ ឪពុកម្តាយកម្រនឹងភ្លេចកូនរបស់ខ្លួន តែពួកគេនៅតែអាចភ្លេច។ ប៉ុន្តែ ចុះចំណែកព្រះអម្ចាស់វិញ? ព្រះអង្គមិនដែលភ្លេចយើងឡើយ។ ព្រះអង្គមានបន្ទូលថា ព្រះអង្គបានឆ្លាក់ឈ្មោះយើងម្នាក់ៗ ជាប់នៅលើព្រះហស្តព្រះអង្គ។
ខ្ញុំអាចមានការភ័យខ្លាច ពេលដែលខ្ញុំដឹងថា ឪពុកម្តាយអាចភ្លេចកូន។ តែសន្តិភាព…